កាលបរិច្ឆេទ: ០៧ វិច្ឆិកា ២០២៣ / ជិវិត និងសង្គម
កាលពីខែកញ្ញាកន្លងទៅនេះ ក្រុមការងារផ្នែកនាំចេញរបស់ក្រុមហ៊ុនខនហ្វីរេលបានបោះស្តង់នៅទីក្រុងណាននីងក្នុងតំបន់ស្វយ័តក្វាងស៊ីភាគខាងត្បូងប្រទេសចិន ក្នុងឱកាសពិព័រណ៍ចិន-អាស៊ាន ដែលមានអ្នកចូលរួម ២០០០ក្រុមហ៊ុន។
ចំណែកនៅខែវិច្ឆិកានេះវិញ គឺនៅសហរដ្ឋអាមេរិកទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វនីញ៉ា ដែលក្រុមការងារផ្នែកនាំចេញដាក់តាំងបង្ហាញផលិតផលឈានមុខគេក្នុងចំណោម «ផលិតផលខ្មែរសុទ្ធសាធ» របស់យើង។
ចំថ្ងៃបុណ្យឯករាជ្យនៅព្រះរាជាណាចក្រកម្ពុជាដែលមានដង្ហែរក្បួនព្យុហយាត្រា សភាពាណិជ្ជកម្មកម្ពុជានៃរដ្ឋកាលីហ្វនីញ៉ារៀបចំតាំងពិព័រណ៍ Cambodia Business Expo និងមានក្រុមហ៊ុនសហគ្រាសនាំចេញកម្ពុជាជាងមួយរយចូលរួមតាំងបង្ហាញផលិតផលរបស់ខ្លួនទៅដល់ភៀវដែលអាចក្លាយជាអ្នកប្រើប្រាស់ផលិតផល និងវិនិយោគិន។
នៅលើទំព័រអ៊ីនធឺណិតរបស់ខ្លួន សភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍មួយដែលមានឈ្មោះថា « SHOWCASE ! 2023 » ត្រូវបានរៀបចំឡើងក្នុងបំណងតែមួយគត់គឺបង្កើតវេទិកានៅលើទំព័រអ៊ីនធឺណិតដើម្បីធ្វើពាណិជ្ជកម្មផលិតផលខ្មែរទៅដល់ជនជាតិអាមេរិកាំងដែលអាចក្លាយជាអតិថិជន និងដើម្បីបង្កើតឲ្យមានទំនាក់ទំនងពាណិជ្ជកម្មរវាងសហគ្រាសអាមេរិក និងខ្មែរ។ សភាពាណិជ្ជកម្មកម្ពុជាក៏បានបន្តទៀតថា ម្យ៉ាងវិញទៀត ប្រជាជនខ្មែរដែលចូលរួមក្នុងព្រឹត្តិការណ៍នេះស្វែងយល់កាន់តែច្បាស់ និងអាចទាញចំណេញពីទីផ្សារអាមេរិកសម្រាប់ផលិតផលរបស់ខ្លួន ហើយក៏ជាឱកាសដ៏ល្អមួយសម្រាប់ធ្វើការវិនិយោគទៅថ្ងៃអនាគត។
គួរឲ្យកត់សម្គាល់ផងដែរថា នៅទីក្រុងឡុងប៊ិច និងតំបន់ជិតៗនោះមានប្រជាជនដើមកំណើតខ្មែររស់នៅយ៉ាងច្រើន។ ជាក់ស្តែងនៅទីក្រុងឡុងប៊ិចផ្ទាល់មានជនជាតិអាមេរិកដើមកំណើតខ្មែររស់នៅប្រមាណ២ម៉ឺននាក់។ ចំណែកឯនៅទីក្រុងជិតៗនោះដូចជាទីក្រុង Cerritos ទីក្រុង Signal Hill និងទីក្រុង Bellflower គឺមានច្រើនជាងនេះ។ បើតាមជំរឿននៅឆ្នាំ២០២០ ប្រជាជនខ្មែរដែលរស់នៅរដ្ឋកាលីហ្វនីញ៉ាមានចំនួន៨ម៉ឺន៧ពាន់នាក់៕